អល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយនៅកន្លែងតែមួយ ដែលពួកគេទាំងអស់គ្នានឹងឮអ្នកដែលប្រកាសហៅពួកគេ ហើយពួកគេនឹងត្រូវបានគេមើលឃើញយ៉ាងច្បាស់។ ព្រះអាទិត្យចុះមកនៅទាប ដែលធ្វើឲ្យមនុស្សទទួលនូវទុក្ខព្រួយ និងទុក្ខលំបាកដែលពួកគេមិនអាចទ្រាំទ្របាន។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ គេបាននាំសាច់មកឲ្យរ៉ស៊ូលុលឡោះ ﷺ ហើយគេក៏បានលើកកំភួងជើងមកជូនលោកដែលជាផ្នែកដែលលោកចូលចិត្ត។ ពេលនោះ លោកបានខាំសាច់នោះមួយម៉ាត់ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ខ្ញុំជាចៅហ្វាយនៃមនុស្សលោកទាំងឡាយនៅថ្ងៃបរលោក។ តើពួកអ្នកដឹងទេថា ហេតុអ្វីទៅ? អល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយនៅកន្លែងតែមួយ ដែលពួកគេទាំងអស់គ្នានឹងឮអ្នកដែលប្រកាសហៅពួកគេ ហើយពួកគេនឹងត្រូវបានគេមើលឃើញយ៉ាងច្បាស់។ ព្រះអាទិត្យចុះមកនៅទាប ដែលធ្វើឲ្យមនុស្សទទួលនូវទុក្ខព្រួយ និងទុក្ខលំបាកដែលពួកគេមិនអាចទ្រាំទ្របាន។ មនុស្សទាំងឡាយក៏និយាយថា៖ តើពួកអ្នកមិនឃើញទេឬនូវអ្វីដែលពួកអ្នកកំពុងជួបប្រទះនោះ? តើពួកអ្នកមិនរកមើលអ្នកដែលអាចជួយអន្តរាគមន៍ដល់ពួកអ្នកទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នកទេឬ? ពេលនោះ មនុស្សមួយចំនួននឹងនិយាយទៅកាន់គ្នាថា៖ ចូរពួកអ្នកទៅរកណាពីអាហ្ទាំទៅ។ ពួកគេក៏ទៅរកណាពីអាហ្ទាំ អាឡៃហ៊ិស្សាឡាម ហើយនិយាយទៅកាន់គាត់ថា៖ លោកគឺជាបិតានៃមនុស្សជាតិ។ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតលោកដោយព្រះហត្ថរបស់ទ្រង់ផ្ទាល់ និងបានផ្លុំវិញ្ញាណរបស់ទ្រង់ចូលទៅក្នុងខ្លួនលោក ហើយបានប្រើម៉ាឡាអ៊ីកាត់ទាំងឡាយ(ឲ្យស៊ូជោតទៅចំពោះលោក) រួចពួកគេក៏បានស៊ូជោតទៅចំពោះលោក។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? តើលោកមិនឃើញនូវអ្វីដែលពួកយើងកំពុងជួបប្រទះទេឬ? ពេលនោះ ណាពីអាហ្ទាំបានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតប្រាកដណាស់ ទ្រង់បានហាមខ្ញុំមិនឱ្យបរិភោគពីដើមឈើនោះ តែខ្ញុំបានប្រព្រឹត្តល្មើសនឹងទ្រង់។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីនួហចុះ។
ពេលនោះ ពួកគេក៏ទៅរកណាពីនួហ ហើយនិយាយថា៖ ឱនួហ! លោកគឺជាអ្នកនាំសារដំបូងគេបង្អស់ទៅកាន់មនុស្សលោក។ ពិតណាស់ អល់ឡោះជាម្ចាស់បានឲ្យឈ្មោះលោកថា ជាខ្ញុំបម្រើដ៏ដឹងគុណម្នាក់។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? គាត់បានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតណាស់ គេបានផ្ដល់ឲ្យខ្ញុំនូវការបួងសួងមួយដែលគេទទួលយក ហើយខ្ញុំបានបួងសួងវាឲ្យអន្ដរាយដល់ក្រុមរបស់ខ្ញុំ។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីអ៊ីព្រហ៊ីមចុះ។
ពេលនោះ ពួកគេក៏ទៅរកណាពីអ៊ីព្រហ៊ីម ហើយនិយាយថា៖ ឱអ៊ីព្រហ៊ីម! លោកគឺជាណាពីរបស់អល់ឡោះ និងជាអ្នកជំនិតរបស់ទ្រង់ក្នុងចំណោមអ្នកនៅលើផែនដី។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? គាត់បានតបទៅកាន់ពួកគេថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតណាស់ ខ្ញុំធ្លាប់និយាយកុហកបីដង។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីមូសាចុះ។
ពួកគេក៏ទៅរកណាពីមូសា ហើយនិយាយថា៖ ឱមូសា! លោកគឺជាអ្នកនាំសាររបស់អល់ឡោះ។ អល់ឡោះជាម្ចាស់បានលើកតម្កើងលោកតាមរយៈសាររបស់ទ្រង់ និងការនិយាយផ្ទាល់ជាមួយទ្រង់លើសពីមនុស្សដទៃ។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? គាត់បានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតណាស់ ខ្ញុំធ្លាប់បានសម្លាប់មនុស្សម្នាក់ដែលគេមិនបានបញ្ជាខ្ញុំឱ្យសម្លាប់ឡើយ។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ ចុះ។
ពេលនោះ ពួកគេក៏ទៅរកណាពីអ៊ីសា ហើយនិយាយថា៖ ឱអ៊ីសា! លោកគឺជាអ្នកនាំសាររបស់អល់ឡោះ និងជាបន្ទូលរបស់ទ្រង់ដែលទ្រង់បានបញ្ជូនទៅកាន់ម៉ារយ៉ាំ និងជាវិញ្ញាណពីទ្រង់។ លោកបាននិយាយទៅកាន់មនុស្សតាំងពីពេលនៅក្នុងអង្រឹងជាទារក។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? ណាពីអ៊ីសាបានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកទាល់តែសោះ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ គាត់មិនបានរំលឹកពីបាបកម្មណាមួយឡើយ។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីមូហាំម៉ាត់ចុះ។
ពួកគេក៏ទៅរកណាពីមូហាំម៉ាត់ ហើយនិយាយថា៖ ឱមូហាំម៉ាត់! លោកគឺជាអ្នកនាំសាររបស់អល់ឡោះ និងជាណាពីចុងក្រោយបង្អស់។ អល់ឡោះពិតជាបានអភ័យទោសឱ្យលោកចំពោះបាបកម្មដែលលោកបានសាងកន្លងមក និងបាបកម្មដែលលោកមិនទាន់បានសាង។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? នៅពេលនោះ ខ្ញុំ(ណាពីមូហាំម៉ាត់)បានដើរទៅក្រោមអារ៉ស្ហ ហើយខ្ញុំបានក្រាបស៊ូជោតទៅចំពោះព្រះជាម្ចាស់របស់ខ្ញុំ។ បន្ទាប់មក អល់ឡោះទ្រង់បើកឱ្យខ្ញុំនូវការថ្លែងសរសើរទៅចំពោះទ្រង់ និងពាក្យកោតសរសើរដ៏ល្អទៅចំពោះទ្រង់ដែលទ្រង់មិនធ្លាប់បានបើកឱ្យនរណាម្នាក់មុនខ្ញុំឡើយ។ បន្ទាប់មក មានគេនិយាយថា៖ ឱមូហាំម៉ាត់! សូមអ្នកងើបក្បាលឡើង។ ចូរអ្នកសុំចុះ នោះគេនឹងផ្តល់វាដល់អ្នក។ ចូរអ្នកអន្តរាគមន៍ចុះ គេនឹងឲ្យអ្នកជួយអន្តរាគមន៍។ ពេលនោះ ខ្ញុំក៏ងើបក្បាលឡើង ហើយនិយាយថា៖ ប្រជាជាតិរបស់ខ្ញុំ! ឱព្រះជាម្ចាស់! ប្រជាជាតិរបស់ខ្ញុំ! ឱព្រះជាម្ចាស់! ប្រជាជាតិរបស់ខ្ញុំ! ឱព្រះជាម្ចាស់! នៅពេលនោះ មានគេនិយាយថា៖ ឱមូហាំម៉ាត់! ចូរអ្នកបញ្ចូលប្រជាជាតិរបស់អ្នកដែលគ្មានការជំនុំជម្រះ តាមទ្វារខាងស្តាំនៃទ្វារឋានសួគ៌ ហើយពួកគេក៏មានសិទ្ធិដូចមនុស្សឯទៀតនៅឯទ្វារស្ថានសួគ៌ផេ្សងៗទៀតដែរ។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់! ចន្លោះរវាងច្រកទ្វារទាំងពីរនៃទ្វារឋានសួគ៌ គឺប្រៀបដូចជាចន្លោះរវាងក្រុងម៉ាក្កះ និងក្រុងហ៊ីមយ៉ារ ឬដូចជាចន្លោះរវាងក្រុងម៉ាក្កះ និងក្រុងពុសរ៉ ដូច្នោះឯង”។
Explanation
Benefits
បង្ហាញពីភាពឧត្តុង្គឧត្តមរបស់ណាពីយើង ﷺ លើសមនុស្សលោកទាំងអស់។
អាល់កទី អ៊ីយ៉ាទ បាននិយាយថា៖ មានគេនិយាយថា៖ ចៅហ្វាយ គឺជាអ្នកដែលដឹកនាំក្រុមរបស់ខ្លួន និងជាជម្រករបស់ពួកគេក្នុងគ្រាលំបាក។ ហើយណាពី ﷺ គឺជាចៅហ្វាយនៃមនុស្សជាតិទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ការលើកឡើងពីថ្ងៃបរលោកជាពិសេស នៅក្នុងហាទីស្ហនេះ គឺ ដោយសារតែភាពជាចាហ្វាយដ៏កំពូល និងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកនៅថ្ងៃនោះ។ មនុស្សជាតិទាំងអស់ទទួលស្គាល់ឋានៈរបស់លោក សូម្បីណាពីអាហ្ទាំ និងកូនចៅទាំងអស់របស់គាត់នឹងស្ថិតនៅក្រោមទង់របស់លោក។
បុព្វហេតុនៃការដែលអល់ឡោះជាម្ចាស់ទ្រង់បណ្តាលចិត្ត ឬបំផុសគំនិតពួកគេឲ្យសុំជំនួយពីណាពីអាហ្ទាំ និងណាពីផ្សេងទៀតបន្ទាប់ពីគាត់ជាដំបូង ហើយមិនបណ្តាលចិត្តពួកគេឲ្យសុំជំនួយពីណាពីយើង ﷺ តែម្តង គឺដើម្បីបង្ហាញពីឧត្តមភាពរបស់លោក ព្រោះលោក គឺមានឋានៈខ្ពង់ខ្ពស់ផុតលេខ និងមានភាពល្អឥតខ្ចោះ នៅជិតអល់ឡោះបំផុត។
ចំពោះអ្នកដែលចង់សុំអ្វីមួយពីអ្នកដទៃ ត្រូវចាប់ផ្តើមដោយពណ៌នាពីគុណសម្បត្តិល្អៗរបស់អ្នកដែលគេសុំជំនួយ ដើម្បីឲ្យឱកាសនៃទទួលបានការឆ្លើយតបមានកាន់តែច្រើន។
អ្នកដែលមានគេមកសុំជំនួយលើរឿងអ្វីមួយដែលខ្លួនមិនអាចធ្វើបាន អាចសុំអធ្យាស្រ័យចំពោះគេដោយហេតុផលដែលអាចទទួលយកបាន ហើយគួរណែនាំជននោះទៅរកអ្នកដែលខ្លួនគិតថា គេមានសមត្ថភាពអាចធ្វើរឿងនោះបាន។
បញ្ជាក់ពីភាពរន្ធត់ និងភាពតានតឹងចំពោះមនុស្សនៅកន្លែងប្រមូលផ្តុំនាថ្ងៃបរលោក។
បញ្ជាក់ពីភាពឱនលំទោនរបស់បណ្តាណាពីទាំងឡាយ ដោយពួកគាត់រំលឹកពីអ្វីដែលបានកើតឡើងកន្លងមកអំពីពួកគាត់ ដើម្បីឱ្យពួកគេដឹងថា ពួកគាត់មិនសមនឹងឋានៈនេះឡើយ។
បញ្ជាក់ពីការអន្តរាគមន៍ដ៏អស្ចារ្យ(الشفاعة العظمى)នៅថ្ងៃបរលោក នោះគឺដើម្បីឲ្យអល់ឡោះជាម្ចាស់ទ្រង់ធ្វើការកាត់សេចក្តីរវាងភាវៈ(ម៉ាខ្លូក)ទាំងឡាយ។
បញ្ជាក់ពី“អាល់វ៉ាស៊ីឡះ” និងឋានៈដែលគេកោតសរសើរ សម្រាប់រ៉ស៊ូលុលឡោះ ﷺ ។
ការថ្លែងសរសើរទៅចំពោះអល់ឡោះជាម្ចាស់គ្មានទីបញ្ចប់ឡើយ។ ហេតុនេះហើយទើបអល់ឡោះទ្រង់បើកឱ្យអ្នកនាំសាររបស់ទ្រង់ថ្លែងសរសើរតម្កើងទ្រង់នៅពេលនោះនូវពាក្យថ្លែងសរសើរដ៏ល្អបំផុតដែលទ្រង់មិនធ្លាប់បើកឱ្យនរណាម្នាក់មុនលោកឡើយ។
បញ្ជាក់ថា ប្រជាជាតិរបស់ណាពីមូហាំម៉ាត់ ﷺ គឺជាប្រជាជាតិដែលប្រសើរជាងគេបំផុត។ ពួកគេមានលក្ខណៈពិសេសជាច្រើនក្នុងការចូលឋានសួគ៌ដោយអ្នកដែលមិនត្រូវបានគេជំនុំជម្រះចំពោះទង្វើរបស់ខ្លួននឹងចូលទៅក្នុងឋានសួគ៌តាមទ្វារពិសេសសម្រាប់ពួកគេ ហើយពួកគេក៏មានសិទ្ធិដូចមនុស្សឯទៀតនៅឯទ្វារស្ថានសួគ៌ផេ្សងៗទៀតដែរ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

